ច្បាប់ព្រះរាជសម្ភារ
១-ហៃសាធុជនផង នេះគឺចំណង បទបាឡីថា
គម្ពីររសធម៌ អាណាក្រិត្តិកា គួរគប្បីមហា-
ជនផងត្រងត្រាប់។
ធម៌នេះដំបូន្មាន រួមរក្សាប្រាណ ឲ្យបានក្តីគាប់
ដ៏លោកបរលោក ហៅរកពុំស្លាប់ ធម៌នេះជាច្បាប់
ក្តីគាប់បរិយាយ។
កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្រ្កម៍ កុំទុកចិត្តអភិប្រាយ
ប្រើស្ទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ ស្តាប់ពាក្យបរិយាយ
បណ្តិបមេជី ។
កុំងឿងដោយខ្យល់ កុំឱនពាក្យពល កុំខ្វល់ដោយស្រី
កុំកាន់ពិសយង់ គប់នឹងស្រ្តី សមណៈជនជី
កុំឲ្យក្តីត្រូវ។
៥-កុំនៅញុំាងឈ្លោះ កុំស្តាប់អសុរោះ កុំស្តាប់អាស្រូវ
កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ
នៅផ្លូវដំរី។
ផ្អែមពីរប្រការ ចំណីនៅដាល កុំអាលឲ្យឆី
ផ្អែមមួយពាក្យពាល រែងរាលរកក្តី ផ្អែមមួយពាក្យស្រី
ស្រដីមាយា។
ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា
ពាក្យពិតរែងស្លែង ពុំពីរោះថា បណ្តិបមេបា
រែងថាពុំគាប់។
ខ្លៅរែងស្អប់ចេះ ខ្សត់ឥតចំណេះ ស្អប់អ្នកមានទ្រព្យ
ស្រីស្រាលប្រច័ណ្ឌ រែងស្អប់ខ្ញុំគាប់ ពាលពិតឥតច្បាប់
រែងស្អប់ប្រដៅ។
ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធនទៅ
មានៈបាត់មិត្រ ឥតអ្នកជាផៅ ក្រេវក្រោធឃោរឃៅ
រមែងបាត់អង្គ។
១០-ស្វែងគាប់បានយស ចង់ស្វែងរបស់ ប្រើចេះផ្គត់ផ្គង់
ចង់ធំកុំអួត ដើមមានពូជពង្ស ចង់ឲ្យខ្លួនត្រង់
ប្រើផ្គាប់អ្នកមុខ។
ខ្លែងហើរត្បិតខ្យល់ នាយថ្កើងត្បិតពល រក្សាឲ្យសុខ
ទ្រព្យគង់ត្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក
ត្បិតភរិយាជា។
ប្រមាថបាត់បុណ្យ ខឹងបាត់ប្រាជ្ញា លេញលេងដៀលថា
បាត់ឥរិយាគាប់។ (ទីនេះបាត់បីឃ្លា)
អត់់ឱនឥតទោស ធ្វើចិត្តសន្តោស បង្កើតជាទ្រព្យ
មេត្រីជាញាតិ រក្សាដល់ស្លាប់ ចៀសក្តីពុំគាប់
ជាគន្ធពិដោរ។
ទឹកបាក់ទៅទាប បុណ្យបាត់ត្បិតបាប លាភបាត់ត្បិតឃោរ
ទឹកថ្លាត្បិតរលក ពុំយល់ស្រមោល ទោសកើតត្បិតពោល
ល្មមមាត់ឈ្លានពាន។
១៥-ខ្លៅរែងស្អប់ប្រាជ្ញ នាអ្នកខ្លួនខ្លាច រែងធ្វើជាហ៊ាន
ខ្សត់ខ្សោយស្មុតទ្រុឌ រែងធ្វើជាមាន អ្នកឥតសន្តាន
រែងមើលគេងាយ។
ទាហានថ្កើងត្បិតសឹក ធ្វើស្រែត្បិតទឹក ត្រឹកពលត្បិតបាយ
សិស្សប្រាជ្ញត្បិតគ្រូ ជេរពោលដំវាយ ពលជាត្បិតនាយ
ហ្វឹកហ្វឹមខះខំ។
រៀនក្តីគូរគិត ចាស់ឥតប្រព្រឹត្ត នៅប្រែច្រឡំ
អ្នកជាជាកាច តូចប្រែជាធំ ពង្សពូជឧត្តម
ច្រឡំជារាស្រ្ត។
ឃើញសេះជាលា ឃើញក្ងានជាទា ពពាយជាទាស
សំណជាប្រាក់ ស្ពាន់ធ្លាក់ជាមាស បង្កួយជាជាស
កប្បាសជាគ។
ហេតុនេះគួរគិត គួររិះរកហិត ដឹងរសគន្ធ
ពិដោរអសុដោរ ពីសាសាទរ ហិតហើយសឹមប-
រិភោគក្តាក្តិត។
២០-ល្គឹកឮពាក្យពេចន៍ សាកសួររកសាច់ សន្តានព្រេងព្រឹទ្ធ
រករិះកលអ្វី សុចរិតទុច្ចរិត ហើយហោងគួរគិត
ឲ្យដឹងខ្ពស់ទាប។
ដូចខ្វាក់បាំងស្បែក មួយដូចទំពែក ចង់សុំប្រេងលាប
ដូចថ្លង់ស្តាប់ច្រៀង ទះដៃព្រាកៗ ដូចខ្វិនអាបឡាប
ចង់ចងក្បិនរត់។
ពុតព្នាយមានបី មួយដូចដំរី សាហាវឥតបទ
អាចផ្សះផ្សាំងបាន កង្វេរកាន់កត់ ដាលដេញគោតគត់
ប្រាំមួយហត្ថហោង។
មួយចង់ឈ្នានីស ចិត្តចង់ចចេស កុំដោយគន្លង
ពាក្យពោលអ្នកធំ ច្រឡំសូរសង ពុំគិតក្តីហ្មង
ចង់ចេរអន្តរាយ។
មួយស្រីពេស្យា បំពេញព្រហ្មចា- រីរួសអភិប្រាយ
អំពើទាំងបី ហៅពិសពុតព្នាយ សាធុសម្ទាយ
ចៀសកុំបីត្រាប់។
២៥-ប្រាជ្ញពុំស្មើពុត បម្រើលំអុត ពុំស្មើក្តីគាប់
មានគុណពុំស្មើ អ្នកមានបុណ្យភ័ព្វ ស្វែងរៀនរកច្បាប់
ពុំស្មើចិត្តជា។
ស័ក្តិពុំស្មើយស អ្នកមានរបស់ ពុំស្មើស័ក្កា
សូវបង់ធនធាន កុំខុសអាជ្ញា សូវមានរោគា
កុំឲ្យមើលងាយ។
សូវសុំកុំយក គ្នាស្មើកុំរក ដូចបាវនិងនាយ
ខុសគាប់សូវអត់ កុំឲ្យឮឆ្ងាយ ក្តីសុខុមទាំងឡាយ
កុំខ្ចាយសូរស័ព្ទ។
ធម៌នេះដំបូន្មាន រួមរក្សាប្រាណ ឲ្យមានក្តីគាប់
សូវបង់ធនធាន កុំឲ្យខ្លួនស្លាប់ សូវស្លាប់គួរគាប់
រសធម៌កុំបីបង់។
បណ្តាំមេបា អម្បូរលោកថា ទូកតាមកំពង់
សំពៅតាមខ្យល់ ចង្កូតតម្រង់ មេលឹមតែងត្រង់
ត្រីវិស័យជាមុខ។
៣០-ដូចចិត្តប្តីជា ដូចមានភរិយា នៅផ្ទះស្រណុក
ដូចកូនទទួល យកពាក្យឪពុក ដូចខ្ញុំឲ្យមុខ
អម្ចាស់ប្រើហៅ។
បណ្តាំមេបា អម្បូរលោកថា ព្រេងព្រឹទ្ធប្រដៅ
ទើងឆីប្រើរក ទើងស្វែងប្រើទៅ ទើងស្នេហ៍ប្រើហៅ
មិត្រមកជាមិត្រ។
ពាក្យខុសកុំស្តាប់ ក្តីខុសកុំត្រាប់ អ្នកប្រាជ្ញកុំផ្តិត
ល្ងង់កុំស្រដី ខ្សត់កុំទុកចិត្ត ពាលោកុំផ្តិត
ជាមិត្រមេត្រី។
ប្រើថ្លឹងឲ្យស្មើ ទោះបីនឹងប្រើ ប្រើអ្នកចេះក្តី
កុំយកពាក្យស្លោក ផ្ទឹមនឹងគម្ពីរ កុំយកពាក្យជី
ផ្ទឹមនូវពាក្យពាល។
មើលភ្នែកជញ្ជីង ក្នុងចិត្តឲ្យដឹង ណាធ្ងន់ណាស្រាល
កុំយកមណីរ័ត្ន មាសមានជាកាល ចិត្តកុំបណ្តាល
នូវបង់សីលធម៌។
៣៥-ប្រើដឹងតុលហាប ប្រើដឹងខ្ពស់ទាប មានភ្នែកយល់ល្អ
ទោះដឹងទឹកមាស កុំចេរនូវថ្ម ទោះដឹងដីស
កុំចេរសំបុត្រ។
ធ្វើស្រែមើលស្មៅ សន្តានមើលផៅ បម្រើមើលពុត
ទោះដឹងពុតជា ពុំចេរពុតត្បុត ដឹងចិត្តបរិសុទ្ធ
ពុំចេរឥរិយា។
ទេពីមើលក្រឹត្យ ក្សត្រាមើលឫទ្ធិ៍ ទាហានមើលចេស្តា
ជាងមើលអំពើ អំពីហត្ថា ទោះយកភរិយា
មើលនាលំនៅ ។
អសារក្តីបី បណ្តាំមេជី ព្រេងព្រឹទ្ធប្រដៅ
អង្ករសសុទ្ធ ចម្អិនឲ្យឆៅ ពិសីហើយខ្លៅ
ប្រាជ្ញឥតមារយាទ។
អ្នកបួសឥតក្រឹត្យ ចាស់ឥតប្រព្រឹត្ត ខ្សត់ច្រើនប្រមាទ
ភរិយាផុតផាយ ចាយវាយឥតខ្នាត ពពាលសុទ្ធសាធ
ប្រដៅក្របាន។
៤០-ផ្ទះភ្លើងមានបី អំពើពុតស្រី ខឹងឥតប្រមាណ
កូនកាចចចេស ពុំដោយដំបូន្មាន ខ្ញុំកាចភៀសប្រាណ
ពុំឲ្យម្ចាស់ប្រើ។
ហោរាប្រើគូរ ភមូប្រើមូល ស្ទង់ទឹកប្រើស្មើ
បន្ទាត់ប្រើត្រង់ ពលផ្ចង់គប្បីប្រើ ពុំហើយគប្បីធ្វើ
កុំលែងគប្បីភ្ងា។
ក្តីកោតមានបី កោតមួយពួកស្រី ស្រដីមាយា
កោតមួយពាក្យពិស អាស្រូវជេរថា កោតមួយពាក្យពា-
លោលោកទុជ៌ន។
ពិសពស់នានា កុយខ្នាយទន្តា កាលគត់ស្តាប់មន្ត
ត្រង់ពិសពាក្យពាល រោលរាលពុំស្រន់ សូម្បីអស់ជន្ម
ក្រមន្តបោសបាន។
ហេតុនោះគួរគិត គួររិះរកហិត ថ្នាំពិសឲ្យស្រាន្ត
ដ៏លោកនេះគួរ រកអ្នកទ្រង់ញាណ សេពសាងសីលទាន
ជាថ្នាំលោកី។
៤៥-រីថ្នាំបរលោក ចៀសចាកទុក្ខសោក បង់បញ្ចិន្ទ្រីយ៍
គប្បីផឹកសត្តតិង្ស- ពោធិបក្ខិយ អាចនាំដល់ត្រី-
ពិធសម្បត្តិសារ។
ពិដោរផ្កាបី ពិដោរមេត្រី សួស្តិ៍សីលាចារ
ពិដោរបរិសុទ្ធ កុសលសម្ភារ ពិដោរនេះដាល
ដល់សួគ៌ពុំស្បើយ។
ពិដោរផ្កាបី ក្រៃលែងក្លិនភ្ញី ឥតឯល្ហែល្ហើយ
ដោយខ្យល់ច្រាសខ្យល់ នៅត្រើយឆ្លងត្រើយ ពិដោរពុំស្បើយ
ហៅរសគន្ធា។
ពិសាផ្លែប្រាំ ពិសារសធម៌ ពិសាសត្យា
ពិសាសីលទាន ទ្រើសទ្រង់ករុណា ពិសារសវា-
ចាចេញមធូរ។
ពិសាផ្លែប្រាំ គិតជានាយនាំ ឥន្ទ្រីយ៍ទៅចូល
ត្រីពិធសម្បត្តិ ទិព្វរ័ត្នអនុកូល ចំណេរទៅចូល
មោក្ខមគ្គាល័យ។
៥០-ធម៌នេះជាច្បាប់ ប្រសើរមហាគាប់ ឧត្តមពេកក្រៃ
ក្រអ្នកណាបាន ប្រាជ្ញាឈ្លាសវៃ អាចដឹងដោយន័យ
រសធម៌គាថា។
គួរចេះគួរចាំ គួរតាមបណ្តាំ ទូលទុកសិរសា
ធម៌នេះស្មើក្សីរ អម្រឹតធារា សម្តេចភគវា
សាធុប្រោសប្រាណ ។
អ្នកណាបានស្តាប់ អ្នកណាបានត្រាប់ អ្នកណាបានធ្យាន
រសធម៌នេះគាប់ ជាច្បាប់ទូន្មាន អ្នកនោះស្មើបាន
ដល់និព្វានហោង៕
(ចប់ដោយបរិបូណ៌ហោង)